បុកម្ទេស​ជុំជាតិ

ព្រហាមបាយកកនិងបុកម្ទេស
អាហារវិសេសប្រទេសយើង
មួយម៉ាត់ស្រក់ញើសក្តៅឆេវឡើង
ពីរម៉ាត់ហោះប៉ើងដល់ទន្លេ។

ម្ទេសចាស់ខ្ទឹមសលីងយ៉ាងឈ្ងុយ
ប្រហុកបុកលាយទ្រាប់បន្លែ
ចំណីស្រស់ស្រូបនៅស្រុកស្រែ
អាហារជាតិខ្មែរពេញនិយម។

បន្លែហែហូរពោរពេញថាស
ទ្រាប់បុកម្ទេសចាស់ពួនបន្ទំ
បាយកកបាយក្តាំងបាយក្តៅងំ
ទាំងអស់សក្តិសមបុកម្ទេសខ្មែរ។

ជួនឆីនៅផ្ទះជុំគ្រួសារ
ជួនញាតិការឆីនៅស្រែ
ជួនក្រោមដើមឈើមាត់ទន្លេ
នេះបុកម្ទេសខ្មែរថែជុំជាតិ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

បញ្ចេញមតិ